ទីបំផុត ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានVODជាផ្លូវការហើយ!

25

ទីបំផុតសារព័ត៌មាន VOD បានសម្រេចសូមទោស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ចំពោះកំហុសឆ្គងនៃការផ្សាយរបស់ខ្លួន។ ប៉ុន្តែអ្វីៗហួសពេលអស់ទៅហើយ សម្តេចមិនប្រែការសម្រេចចិត្តវិញនោះឡើយ គឺនៅតែរក្សាសម្រេចចិត្តពីពេលល្ងាចថ្ងៃទី១២ ខែកុម្ភៈ លុបអាជ្ញាបណ្ណសារព័ត៌មាននេះលែងឱ្យដំណើរការ។

លិខិតសូមទោសរបស់ VOD បានធ្វើឡើងនៅរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ។ សម្តេចបានសម្តែងចម្ងល់ថា ហេតុអ្វីមិនសូមទោសពីល្ងាច និងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង ១២យប់ទៅវិញ?

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ»។

សម្តេចតេជោ បន្ថែមថា «ខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ»។

ជាមួយគ្នានេះប្រមុខរដ្ឋាភិបាល បានណែនាំស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូច ដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយគ្មានការកែប្រែ។

សម្តេចប្រាប់ទៅបុគ្គលិកបម្រើការងារនៅស្ថាប័ននេះ ហើយត្រូវបាត់បង់ការងារ ត្រូវបន្ទោសមេដឹកនាំបងប្អូន ឬប្រទេសម្ចាស់លុយ ដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវ លើការសូមទោសធ្វើឱ្យបុគ្គលិកបាត់បង់ការងារធ្វើ។

ដោយឡែក នៅថ្ងៃទី១៣ ខែកុម្ភៈ ក្រសួងព័ត៌មានបានចេញសេចក្ដីសម្រេចលុបអាជ្ញាប័ណ្ណមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ដែលគ្រប់គ្រងការផ្សាយវិទ្យុវីអូឌី(VOD)ជាផ្លូវការហើយ។ តាមលិខិតចុះហត្ថលេខាដោយលោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានលើកហេតុផលថា ដោយសារអង្គភាពសារព័ត៌មាននេះបានរំលោភលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្ដិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមកែសម្រួលតាមបទប្បញ្ញត្ដិច្បាប់ស្ដីពីរបបសារព័ត៌មាន។

គួររម្លឹកបន្តិចថា សារព័ត៌មានVODកាលពីថ្ងៃទី០៩ ខែកុម្ភៈ បានចុះផ្សាយព័ត៌មានមានចំណងជើងថា មន្ត្រីរដ្ឋាភិបាលថា ការដែលលោកហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្តល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង។ ជុំវិញការចុះផ្សាយនេះ លោកហ៊ុន ម៉ាណែត បានស្នើឱ្យVODបង្ហាញឯកសារ តែបើការផ្សាយមិនត្រឹមត្រូវ សូមធ្វើការសុំទោស និងកែតម្រូវព័ត៌មានជាបន្ទាន់ ខណៈសម្តេចហ៊ុន សែន បានប្រកាសទុកពេល៧២ម៉ោងឱ្យថ្នាក់ដឹកនាំVODសុំទោសជាសាធារណៈផងដែរ។

ក្រោយមកថ្នាក់ដឹកនាំVODបានចេញលិខិតមួយដែលបានប្រើពាក្យសោកស្តាយចំពោះកំហុសអចេតនា ជំនួសឱ្យពាក្យសុំទោស។ ត្រង់ចំណុចនេះសម្តេចហ៊ុន សែន បានប្រតិកម្មខ្លាំងៗ ដោយបានលើកឡើងថា សម្តេចមិនអាចទទួលយកបានឡើយ និងបានបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាបណ្ណសារព័ត៌មាននេះតែម្តង។

បន្ទាប់មកទៀតថ្នាក់ដឹកនាំVODបានធ្វើលិខិតមួយទៀត ដោយបានបញ្ជាក់ពាក្យច្បាស់ៗថា សូមទោសសម្តេច និងលោកហ៊ុន ម៉ាណែត ចំពោះកំហុសឆ្គងរបស់ខ្លួន។ ប៉ុន្តែការសូមទោសនេះ វាហួសពេលទៅហើយ!