ចាប់ខ្លួនបញ្ជូនទៅតុលាការ អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុក្រសួងសង្គមកិច្ចករណីកិបកេងលុយរដ្ឋជាង៣៨ម៉ឺនដុល្លារ

60

លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ពាក់ព័ន្ធនឹងការកិបកេងថវិការដ្ឋជាង៣០ម៉ឺនដុល្លារ។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា អង្គភាពបានបញ្ជូនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១១ ខែមករានេះ ករណីកិបកេងថវិការដ្ឋជាង ១,៥០០ លានរៀល (ជាង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបកេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ផងដែរ។

លោកឱម យ៉ិនទៀង បានបន្ថែមថា «ក្រៅអំពីការជាប់សង្ស័យលើអំពើពុករលួយ បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ លោកឡាយ សំណាង នៅជាប់សង្ស័យអំពីបទល្មើសសម្អាតប្រាក់ទៀតផង»៕