សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បន្តយកចិត្តទុកដាក់ឃ្លាំមើលអ្នកកាសែតមួយរូប ដែលត្រូវបានមន្ត្រីយោធាម្នាក់ចាប់រំលោភបំពាននិងធ្វើទារុណកម្មផ្លូវភេទលើភរិយារបស់គាត់

23

សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បន្តយកចិត្តទុកដាក់ឃ្លាំមើលអ្នកកាសែតមួយរូប ដែលត្រូវបានមន្ត្រីយោធាម្នាក់ចាប់រំលោភបំពាននិងធ្វើទារុណកម្មផ្លូវភេទលើភរិយារបស់គាត់ ខណៈជនសង្ស័យជាមន្ត្រីយោធាដ៏មានឥទ្ធិពល និងមន្តវិជ្ជាសិល្ប៍ដ៏ពូកែស័ក្តិសិទ្ធិ អាចធ្វើឱ្យមេប៉ូលិសខណ្ឌពោធិ៍សែនជ័យ លោក ម៉ម វុធី បង្កកសុំណុំរឿងទុកឥតចាត់វិធានការ អស់រយៈពេលមួយខែ។

ក្រុមគ្រួសារជនរងគ្រោះបានលើកឡើងថា ដោយសារតែមេប៉ូលិសខណ្ឌពោធិ៍សែនជ័យ បង្កកសុំណុំរឿងទុកអស់រយៈពេលមួយខែឥតចាត់វិធានការទើបបណ្តាលឱ្យជនរងគ្រោះជាស្ត្រីដែលរងការចាប់រំលោភបំពានធ្វើបាប រួមទាំងប្តីផងដែរ បានក្លាយជាជនសង្ស័យទៅវិញ ខណៈមន្ត្រីយោធាដែលជាជនបង្ក សម្ងំទៅដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការទាំងខ្លួននៅជាជនសង្ស័យនៅឡើយ។

ហើយជុំវិញករណីខាងលើនេះដែរ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ប្តេជ្ញាចិត្តថានឹងបន្តយកចិត្តទុកដាក់ឃ្លាំមើលជុំវិញដំណើរការផ្លូវច្បាប់ និងបន្តឃ្លាំមើលថាហិង្សាផ្លូវភេទ ហើយនិងហិង្សាកណ្តាប់ដៃ ខាងណាមានទោស ខាងណាអត់ទោស ខាងណាជាអ្នកបង្កហេតុមុន ខាងណាជាអ្នកបង្កហេតុក្រោយ ហើយហិង្សាកណ្តាប់ដៃកើតឡើងដោយសារអ្វី ។

ករណីខាងលើនេះដែរ ក្រុមគ្រួសារស្ត្រីរងគ្រោះដែលត្រូវបានមន្ត្រីយោធាចាប់រំលោភសេពសន្ថវៈថែមទាំងគំរាមបាញ់សម្លាប់ បានសូមសំណូមពរដ៏ឯកឧត្តមព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញសុំឯកឧត្តមមេត្តាមានសុភវិនិច្ឆ័យពិនិត្យអង្កេតអង្គហេតុផងទាន។

លោកសុិន ឡូត មុខរបរជាអ្នកសារព័ត៌មានត្រូវជាប្តីរបស់ស្រ្តីរងគ្រោះដែលត្រូវបានមន្ត្រីយោធា ឈ្មោះ ឆឹង វិរៈមុន្នីរ៉េត ចាប់រំលោភធ្វើបាបសេពសន្ថវៈដោយធ្វើទារុណកម្មផ្លូវភេទយ៉ាងព្រៃផ្សៃ បានសូមសំណូមពរដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក សូមជួយអន្តរាគមន៍ករណីខាងលើនេះផង។

គួររំលឹកដែរថា៖ កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅក្នុងផ្ទះសំណាក់យីហោមង្គលលាភ ផ្លូវទ័ពអាកាស ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីចាប់បង្ខំរំលោភសេពសន្ថវៈបង្កដោយមន្ត្រីយោធាម្នាក់ឈ្មោះ ឆឹង វិរៈមុន្នីរ៉េត បានចាប់បង្ខំរំលោភស្ត្រីម្នាក់ដែលជាម្ចាស់ផ្ទះសំណាក់ តែត្រូវបានបុរសជាប្តីមកទាន់ហេតុការណ៍ទើបបណ្តាលឱ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកម៉ូតូ១គ្រឿងម៉ាក SUZUKI Let’s ពាក់ស្លាកលេខ ភ្នំពេញ 1HH-4453។

ជុំវិញការចុះផ្សាយនៅករណីខាងលើនេះដែរ រហូតមកដល់ពេលនេះខាងក្រុមការងារសារព័ត៌មានយើងនៅមិនទាន់មានការបំភ្លឺណាមួយពីសំណាក់លោក ឆឹង វិរៈមុន្នីរ៉េត នោះទេ ក្រុមការងារសារព័ត៌មានយើង រងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕