ប្រធានអង្គការណាសា លើកឡើងថា ក្រុងប៉េកាំងកំពុងតែមានមហិច្ឆតាគ្រប់គ្រងដែនដីនៅលើឋានព្រះចន្ទជាកម្មសិទ្ធិរបស់ខ្លួន ទីដែលមានធនធានសំបូរបែប

32

សារព័ត៌មាន The Eurasia Times បានចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ថា បើតាមប្រធានរដ្ឋបាលអង្គការ NASA បានឲ្យដឹងថា ចិន និង សហរដ្ឋអាមរិក បាននិង កំពុងតែរត់ប្រណាំងគ្នាផ្នែកអវកាសថ្មី ហើយប្រសិនបើចិនអាចឈ្នះលើបញ្ហាសមុទ្រចិនខាងត្បូងកាត់យកជាកម្មសិទ្ធិរបស់ខ្លួនទាំងស្រុងបាននោះ ក្រុងប៉េកាំង ក៏អាចនឹងទាមទារកម្មសិទ្ធិកាន់កាប់ដែនដីនៅលើឋានព្រះចន្ទ ជាដែនអធិបតេយ្យភាពរបស់ចិនផងដែរ។

យើងបានដឹងស្រាប់ហើយថា ស្របពេលនេះ ចិនកំពុងតែបោះជំហានទៅមុខយ៉ាងលឿន ទាំងវិស័យយោធា បច្ចេកវិទ្យា និង អវកាស, ដូច្នេះទេ លោក ប៊ីល ណែលសុន (Bill Nelson) ប្រធានរដ្ឋបាលអង្គការណាសា (NASA) និងជាព្រឹទ្ធសភា ប្រចាំរដ្ឋហ្វ្ល័ររីដា (Florida) ហើយក៏ជាអតីតអវកាសយានិក បានប្រាប់ដល់សារព័ត៌មាន Politico ថា ប្រសិនបើចិន មានមូលដ្ឋានឈរជើងជាលើកដំបូងនៅលើឋានព្រះចន្ទនោះ ក្រុងប៉េកាំង អាចការពារធនធានដ៏សម្បូរបំផុត នៅលើភពនោះ។

ប្រធានអង្គការណាសា (NASA) រូបនេះ បានបញ្ជាក់ថា វាជាការពិតណាស់ បច្ចុប្បន្ន យើងកំពុងតែរត់ប្រណាំងផ្នែកអវកាស។ ដូច្នេះ សហរដ្ឋអាមេរិក គួរតែមានការប្រយ័ត្នខ្ពស់ ព្រោះថា ក្រុងប៉េកាំង នឹងទៅដល់ណាកន្លែងមួយ នៅលើព្រះចន្ទក្រោមការសន្និដ្ឋាន នៃការសិក្សាបែបវិទ្យាសាស្ត្រ ហើយបញ្ហាក៏មិនហួសអំពីលទ្ធភាពជើងមេឃ ដែលពួកគេនិយាយ ថា ចូរចាំថា យើងនៅទីនេះ ជាទឹកដីរបស់យើង។

លោក Nelson បានបន្ដថា អត្ដចរិតយ៉ាងគឃ្លើនរបស់ក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ជាកន្លែងរដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាង ជាដែនអធិបតេយ្យភាពរបស់ខ្លួន លើដែនទឹកដ៏ធំល្វឹងល្វើយ ដែលជាកម្មសិទ្ធិរបស់ប្រជាជាតិដទៃផងដែរ។

កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ រដ្ឋាភិបាលចិន បានប្រកាស អំពីផែនការរបស់ក្រុងប៉េកាំង សម្រាប់គម្រោងដ៏ធំសម្បើម រួមទាំងការបង្កើតប្រព័ន្ធគ្រប់គ្រងអវកាស និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអវកាស។ ជាមួយនឹងការប្រណាំងប្រជែងផ្នែកអវកាសនេះ ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក បាននិងកំពុងតែធ្វើការងារជាបន្ដបន្ទាប់ នៅលើគម្រោងរុករកដោយប្រើមនុស្ស និងរ៉ូប៉ូត មានឈ្មោះ Artemis នៅក្នុងបេសកកម្មលើភពព្រះចន្ទ៕