ករណីអគ្គិភ័យឆាបឆេះផ្ទះអស់ ៤ខ្នង ទាំងយប់អធ្រាត្រ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍…

27

ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះអស់ ៤ខ្នង ទាំងយប់អធ្រាត្រ បង្កការភិតភ័យដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៖១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត ផ្ទះលេខ១៧១ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពី បុរសជាសន្តិសុខម្នាក់យាមនៅជាប់និងកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុដោយរូបគាត់បានឃើញភ្លើងឆេះចេញពីឈើបាឡែតនៅខាងក្រៅរួចគាត់ក៏បានយកបំពង់ពន្លត់អគ្គីភ័យ ទៅបាញ់ចំនួន០២ បំពង់ ប៉ុន្តែមិនរលត់ ដោយសភាពអណ្តាតភ្លើងកាន់តែឆេះខ្លាំងរួចក៏បន្តឆាបឆេះរាលដាលទៅលើរថយន្តមួយគ្រឿងចតនៅខាងមុខផ្ទះ និងបន្តឆាបឆេះរាលដាលទៅលើផ្ទះពលរដ្ឋជិតខាងយ៉ាងសន្ធោសន្ធៅ ភ្លាមនោះដែរក៏បានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាងសុំរថយន្តពន្លត់អគ្គិភ័យមុខជាបន្ទាន់។

ក្រោយកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ អស់ចំនួន ៤២ឡាន ស្មើរនិង១៦៨ម៉ែត្រគូបដោយមិនបង្កឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ពាក់ព័ន្ធនឹងមូលហេតុនៃការឆាបឆេះ កំពុងស្ថិតនៅក្នុងការស្រាវជ្រាវបន្ថែមទៀតផងដែរ៕