អាជ្ញាធរខណ្ឌសែនសុខ ចុះណែនាំ និងផាកពិន័យដល់អាជីវករលក់គ្រឿងសមុទ្រ បង្ហូរទឹកស្អុយមកលើផ្លូវសាធារណៈ

32

ភ្នំពេញ៖ ក្រោយ​មានការស្នើសុំ និង​សំណូមពរ​របស់​ពលរដ្ឋ ​ដល់ក្រុមអាជីវករលក់ដូរគ្រឿង​សមុទ្រ​នៅតំបន់ត្រឡោកបែក ដែលបានបង្ហូរទឹកកខ្វក់​ពី​កាកសំណល់​គ្រឿងសមុទ្រលើដងផ្លូវ​សាធារណៈជះក្លិនស្អុយ បង្ក​ប៉ះពាល់​ដល់​ពលរដ្ឋអ្នកធ្វើដំណើរ​តាមដងផ្លូវ ​នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២​ អាជ្ញាធរខណ្ឌសែនសុខ បានចុះណែនាំដល់​ក្រុម​អាជីវករ​ទាំងនោះ​ឱ្យ​បញ្ឈប់​សកម្មភាព​ចាក់ទឹកកខ្វក់តាមដងផ្លូវយ៉ាងដូច្នេះ​បន្ដទៀត។

លោក សាំង សុភៈវិចិត្រ អភិបាលរង នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំ​ក្រុមការងារ​រដ្ឋបាលខណ្ឌ​ និងសណ្ដាប់ធ្នាប់ខណ្ឌ ​ចុះរៀបចំសណ្ដាប់ធ្នាប់​ ណែនាំ ​និង​ធ្វើការ​ផាក​ពិន័យ​ដល់អាជីវករលក់គ្រឿងសមុទ្រដែលបង្ហូរទឹក​ស្អុយ​មក​លើ​ចិញ្ចើម​ និង​ផ្លូវសាធារណៈ។ ទីតាំងលក់គ្រឿងសមុទ្រនេះ​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨​ តំបន់ត្រឡប់បែក ដែលតំបន់នេះ ជាប់​ព្រំប្រទល់​ជាមួយ​នឹងខណ្ឌទួលគោក និងខណ្ឌសែនសុខ ​ក៏ប៉ុន្តែ​ទីតាំង​លក់​ស្ថិតនៅក្នុង ភូមិសេប៉សេ ​សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរ ​ពលរដ្ឋដែល​ធ្វើដំណើរឆ្លង​កាត់​តំបន់​ត្រឡោកបែក​ លក់គ្រឿងសមុទ្រនេះ​បាន​លើកឡើងថា ក្រុមអាជីវករលក់ដូរគ្រឿង​សមុទ្រ​បាន​ចាក់​ទឹក​កាកសំណល់​និង​ទឹក​កខ្វក់​ពី​គ្រឿង​សមុទ្រ​មកលើដងផ្លូវសាធារណៈ បាន​បង្ក​ក្លិន​ និងផលប៉ះពាល់ដល់ពលរដ្ឋអ្នកធ្វើដំណើរ​ឆ្លងកាត់​តំបន់នេះ​យ៉ាងខ្លាំង៕